(ភ្នំពេញ) : ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ពី ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃសាលារាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអមផង បានចុះធ្វើការឆែកឆេរ និងត្រួតពិនិត្យទីតាំង សេវាទទួលប្រាតិភោគដោយអនុប្បទាន (ដែលមានស្លាកយីហោ ហុករ៉ាស៊ីង) ផ្ទះលេខ៣៥បេអឺ០ ផ្លូវលេខ១៩២ ក្រុម១១ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានរកឃើញម៉ូតូសរុបចំនួន៧៣គ្រឿង ក្នុងនោះមានបណ្ណសម្គាល់យានយន្តបញ្ជាក់ច្បាស់លាស់ ចំនួន ២០ គ្រឿង ចំណែកម៉ូតូចំនួន ៥៣ គ្រឿងទៀត ពុំមានឯកសារមកផ្ទៀងផ្ទាត់ទេ។
ក្រោយពីធ្វើការត្រួតពិនិត្យរួច ក្រុមប្រតិបត្តិការបានសម្រេចដកហូត និងរក្សាទុកម៉ូតូចំនួន៧៣គ្រឿង នៅក្នុងទីតាំងខាងលើ ដោយប្រគល់ឲ្យឈ្មោះ ហុក ឌីណា ជាអ្នកគ្រប់គ្រងថែរក្សាទុកជាបណ្តោះអាសន្ន ដោយពុំមានការបាត់បង់ឬចល័តម៉ូតូចេញពីទីតាំងខាងលើ រង់ចាំការសម្រេចជាក្រោយ និងបានឃាត់ខ្លួនឈ្មោះ តាន់ មុនីរ័ត្ន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទទួលបញ្ចាំ ជាអ្នកទទួលខុសត្រូវក្នុងទីតាំងខាងលើ បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕