គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៩ចំណុច ទៅកាន់អគ្គនាយក ដែលប្រកាសតែងតាំងថ្មី

 

(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើ ៩ចំណុច ទៅកាន់អគ្គលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាអង្គពិធីទាំងមូល ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យនគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។




មតិផ្តាំផ្ញើទាំង ៩ចំណុច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមមាន ៖
ទី១. កសាងប្រព័ន្ធ និងបង្កើនវប្បធម៌ទំនាក់ទំនង និង ត្រូវបន្តសហការគ្នាឲ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រម ដែលមាននៅក្នុងលក្ខនិ្តកៈរបស់ក្រសួងមហាផ្ទៃ និងការគំាពារល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ សំដៅធ្វើយ៉ាងណា ដើម្បីឱ្យស្ថាប័នរបស់ខ្លួនមានភាពល្អប្រសើរបន្ថែមទៀត។ ហើយក្នុងនាមជាសេនាធិការឲ្យក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាននីមួយៗ ត្រូវសិក្សារៀបចំ កសាងពង្រឹងច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងវិធានការនានាសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារតាមតួនាទីភារកិច្ច តាមច្បាប់ជាធរមាន។

ទី២. ត្រូវបន្តជំរុញការអភិវឌ្ឍ ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្ដែងនៃការបណ្ឌុះបណ្ដាល ដោយផ្អែកលើផែនការ កម្មវិធីកំណែទម្រង់ កម្មវិធីអប់រំ ស្តង់ដារគុណភាព បទប្បញ្ញត្តិ គោលការណ៍នានា និងអភិក្រម ៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក គឺការចេះមើលឃើញចំណុចខ្វះខាត។

ទី៣. ត្រូវបន្តដំណើរការការងាររបស់ខ្លួន ប្រកប ដោយនិរន្តរភាព ជាមួយនឹងការបន្តពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាព និងប្រសិទ្ធ ភាពការងារជាប្រចាំ ស្របតាមផែនការ និងយុទ្ធសាស្រ្តដែលបានគ្រោងទុក និងរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាពស្ថាប័ន ជាតិ ធានាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិ អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិ ទប់ស្កាត់ការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ព្រមទាំងប្រឆាំងរាល់ឧបាយកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ទី៤. ត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ គ្រប់ប្រភេទ រួមគ្នាលុបបំបាត់នូវវប្បធម៌និទណ្ឌភាព (ភាពមិនទទួលទោសពៃរ) មានបទល្មើសព្រហ្មទណ្ឌអាជ្ញាធរ និងនគរបាលមូលដ្ឋានសម្របសម្រួលជនរងគ្រោះ និងជនសង្ស័យ ហើយទាញយកផលប្រយោជន៍ផ្ទាល់ខ្លូន ដូចជាយកលុយពីជនសង្ស័យ និងជនរងគ្រោះជាដើម។

ទី៥. បន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ អំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ ដើរទន្ទឹមទៅនឹងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សណ្ដាប់ធ្នាប់
សាធារណៈ និងគ្រោះថ្នាក់នានាក្នុងសង្គមដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ទី៦. បន្តដំណើរការច្រកចេញចូលតែមួយស្តីពីសេវាផ្តល់អត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ដែលកំពុងអនុវត្តនៅក្នុងខេត្តគោលដៅ និងបន្តពិនិត្យលទ្ធភាព ដើម្បីអនុវត្តនៅតាមឃុំ សង្កាត់ ក្នុងខេត្តផ្សេងទៀត។ ព្រមជាមួយគ្នានេះត្រូវបន្តពិនិត្យលទ្ធភាពពង្រឹងសេវាផ្តល់លិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេស។

ទី៧. បន្តពង្រឹងការអនុវត្តវិធានការការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ និងយកចិត្តទុកដាក់ពង្រឹងក្រមសីលធម៌ ជំនាញវិជ្ជាជីវៈរបស់មន្ត្រីពន្ធនាគារជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើស និងហានិភ័យផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ជាក់ស្តែងដូចជាករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅខេត្តសៀមរាប តែជាលទ្ធផលសមត្ថកិច្ចជំនាញរបស់យើង បានចាប់ខ្លួនត្រឡប់មកវិញកាលពីថ្ងៃ២៣ ខែសីហា ឆ្នាំ២០២៣។

ទី៨. អគ្គនាយកដ្ឋានពាក់ព័ន្ធ ត្រូវបន្តការធ្វើកំណែទម្រង់ចំពោះការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ចាប់ពីកម្រិតថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ចំណេញពេលវេលា និងថវិកា។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពាក់ព័ន្ធត្រូវខិតខំសិក្សា នឹងឈានទៅដល់ការបង្កើតអោយមានប្រព័ន្ធគ្រប់គ្រងការងាររដ្ឋបាល ឬការផ្តល់សេវាសាធារណៈ តាមរយៈការបង្កើតអោយមាន (E-Governance) ទៅតាមកម្រិត នៃវិស័យ និងជំនាញរៀងៗខ្លួន។

ទី៩. សូមឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ជាថ្នាក់ដឹកនាំ បន្តជំរុញអោយមានសប្រសិទ្ធភាពកាន់តែខ្លាំងបន្ថែមទៀត ការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ជូនថា អគ្គនាយក អគ្គលេខាធិការ និងប្រធានបណ្ឌិត្យនគរបាលកម្ពុជា ដែលត្រូវបានប្រកាសចូលកាន់មុខតំណែង នាឱកាសនោះរួមមាន ៖
១. ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស
២. ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
៤. ឯកឧត្តម សួស ប្រាថ្នា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល
៥. ឯកឧត្តម អគ្គានុរក្សថ្នាក់លេខ១ ឈន សាណាក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ
៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៧. ឯកឧត្តម ឧត្តមសេនីយ៍ តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៕







Previous Post Next Post