គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលកើតមានទ្បើងជាបន្តបន្ទាប់សម្រាប់អ្នកស្រុកកងមាស...


កំពង់ចាម : នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។

ឯកឧត្តម បានថ្លែងអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលកើតមានទ្បើងជាបន្តបន្ទាប់សម្រាប់អ្នកស្រុកកងមាស ទាំងការកសាងហេដ្ឋាររចនាសម្ព័ន្ធ និងសំណង់ពុទ្ធសាសនានានា ជាពិសេសជីវភាពកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលទាំងនេះពិតជាបង្ហាញឱ្យឃើញអំពីការរីកចម្រើនស្របគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន និងពឹងអាស្រ័យគ្នាទៅវិញទៅមក។

ចំពោះភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការណ៍នេះកើតមានទ្បើងដោយសារប្រតិបត្តិករ ០៣ សំខាន់៖ ទី១. គឺតួអង្គ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើការដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ។ សម្តេច បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវល្អិតល្អន់ពីក្រុមការងារបច្ចេកទេសជំនាញដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ។ ទី២. គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ។ និងទី៣. គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់អ្នកនយោបាយអគតិមួយចំនួនយ៉ាងណាក៏ដោយ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងពីតួនាទី គណបក្សប្រជាជនកម្ពុជា ដែលបានបេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើការបង្កើតសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹងការជំរុញកសាង និងអភិវឌ្ឍប្រទេស លើដំណើរផ្លូវប្រកបដោយសន្តិភាព និងស្ថិរភាព ក៏ដូចជាការពង្រឹងកិត្យានុភាពជាតិក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសតូចធំលើឆាកអន្តរជាតិ។ ហេតុនេះ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់បន្តកិច្ចការបម្រើជាតិ និងប្រជាជន ដោយនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល និងវឌ្ឍនភាពរុងរឿង៕

https://t.me/royalcambodianarmy
Previous Post Next Post