មណ្ឌលគិរី៖ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង (ពូនង) ជាច្រើននាក់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ បានដាក់ពាក្យបណ្ដឹងទៅលោកប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ក្នុងកម្មវត្ថុ «ប្ដឹង លោកស្រី ទ្រី ដាណា ពាក់ព័ន្ធការជេរប្រមាថមាក់ងាយជាសាធារណៈ» ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកស្រី ទ្រី ដាណា ។
យោងតាមពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ បានឲ្យដឹងថា លោកស្រី ទ្រី ដាណា បានប្រើពាក្យថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយដល់ពូជអម្បូរព្នងបស់ជនជាតិដើមភាគតិច និង បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ពូជអម្បូរជនជាតិដើមភាគតិចព្នងជាសាធារណៈ ។
ដូច្នេះដើម្បីលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយជាសាធារណៈនិងដើម្បីផ្តល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរសម្រាប់ជនជាតិដើមភាគតិចព្នងដែលមិនបានធ្វើអ្វីប៉ះពាល់ដល់គាត់ទាល់តែសោះនោះ ពលរដ្ឋជនជាតិព្នងទាំងអស់ សំណូមពរ ដូចខាងក្រោម ៖
១-សុំឲ្យ លោកស្រី ទ្រី ដាណា សុំទោសដល់ជនជាតិដើមភាគតិចព្នងជាសាធារណៈ
២-សុំឲ្យលោកស្រី ទ្រី ដាណា បង់ប្រាក់ពិន័យចំនួន១០លានរៀល
៣-សុំឲ្យលោកស្រី ទ្រី ដាណា សងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារគត់ ៕