ភ្នំពេញ៖ ថ្មីៗនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានឲ្យបានដឹងថា នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថនឹងដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ចាស់ ដែលផុតកំណត់ប្រើប្រាស់ចំនួន១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងក្នុងសារមន្ទីររបស់កងរាជអាវុធហត្ថ ។
អ្នកនាំពាក្យរូបនេះបានបន្តឲ្យដឹងទៀតថា ការចល័តក្បួននេះ នឹងចេញដំណើរពីមុខព្រលាន យន្តហោះអន្តរជាតិ ពោធិចិនតុង តាមផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ ផ្លូវជាតិលេខ៥ និងផ្លូវលេខ៤៤។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងបន្ថែមទៀតថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន មេត្តាជ្រាប និងសូមអធ្យាស្រ័យចំពោះចរាចរណ៍ក្នុងការធ្វើដំណើរ។ សូមអរគុណ៕