គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អញ្ជើញជាអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅស្រុកស្វាយអន្ទរ...

(ព្រៃវែង ) ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ដំរីពួន ដែលមានការអញ្ជើញពីលោកនាយក លោកនាយករង នាយិកា នាយិការង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកម្រងមធ្យមសិក្សា ចំនួន ៤សាលា និងកម្រងបឋមសិក្សា ចំនួន ៦សាលា សរុបចំនួន ១ ២០០នាក់ ស្ថិតក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានចូលរួមអបអរសាទរជាមួយក្មួយៗសិស្សានុសិស្សក្នុងស្រុកស្វាយអន្ទរ ក៏ដូចជានៅទូទាំងប្រទេសក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ដែលជាថ្ងៃចូលដំបូងរបស់សិស្សានុសិស្ស ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងការអបអរសាទរដល់សិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន ១នាក់ ព្រមទាំងសិស្សពូកែក្នុងវិទ្យាល័យ ហ៊ុន សែន ដំរីពួន ឆ្នាំសិក្សា ២០២១-២០២២ កន្លងទៅផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលបានអញ្ជើញចូលរួមនាឱកាសនោះទាំងអស់ សូមចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងត្រូវបញ្ជូនកូនចៅ ដែលគ្រប់អាយុឲ្យចូលរៀន ព្រមទាំងជំរុញកូនចៅឲ្យបន្តការសិក្សា រហូតដល់ថ្នាក់ខ្ពស់ៗ ដើម្បីអនាគតរបស់ពួកគាត់។

ចំពោះសិស្សានុសិស្សដែលបានចូលរួមនាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ជំរុញឲ្យខិតខំសិក្សារៀនសូត្រ គោរពវិន័យសាលា គោរពលោកគ្រូ អ្នកគ្រូ ស្តាប់ដំបូន្មានឪពុកម្តាយ ឬអ្នកអាណាព្យាបាល គោរពច្បាប់ចរាចរណ៍ចៀសឆ្ងាយពីក្មេងទំនើង និងគ្រឿងញៀន ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ក្នុងឱកាសបើកបវេសនកាលនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ក៏បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ ថវិកា ចំនួន ១ ០០០ ០០០(មួយលាន)រៀល និងសៀវភៅសរសេរ ចំនួន ១ ០០០ក្បាល ប្រគល់ជូនលោក ឡាំ សុង នាយកវិទ្យាល័យ ហ៊ុន សែន ដំរីពួន សម្រាប់ចូលរួមសម្រួលការចំណាយក្នុងការរៀបចំកម្មវិធី និងចែកជូនសិស្សានុសិស្សដែលខ្វះខាតសម្ភារៈសិក្សា៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ យ៉ែម សំរ៉ស់

Previous Post Next Post