(កណ្ដាល)៖ ផ្ដើមចេញទំនាស់ក្នុងគ្រួសារ ស្ដ្រីម្នាក់បានសម្រេចចិត្តជួលឃាតកក្នុងតម្លៃ ១,០០០ដុល្លារ ដើម្បីសម្លាប់ប្ដីខ្លួនឯង រួចយកសពទៅបោះចោល ហើយសពត្រូវបានគេប្រទះឃើញអណ្ដែតទឹក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សេចក្ដីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសាកសព និងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុក និងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្តើតទឹកនោះ។ ការពិនិត្យសាកសពឃើញថា សាកសពស្លាប់ដោយសាររឹតក និងឆក់ (ឃាតកម្ម)។
លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនាយកដ្ឋាន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីធ្វើការស្រាវជ្រាវ។
ជាលទ្ធផល កម្លាំងជំនាញបានឈានដល់ការចាប់ខ្លួនស្ដ្រីម្នាក់ឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ដែលជាប្រពន្ធរបស់សាកសពឈ្មោះ ខឹម ផល្លី អាយុ៣៣ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ចស្ដ្រីឈ្មោះ សាន់ ធីតា បានសារភាពថា ខ្លួនបានជួលឈ្មោះ វី អាយុប្រហែលជិត៤០ឆ្នាំ មុខរបរជាងសំណង ត្រូវជាបងធម៌ ដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយធ្វេីការឆក់ និងរិតករ ក្នុងតម្លៃ១,០០០ដុល្លារ។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕