លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២
កម្មវិធីនេះបានចាប់ផ្តើមមកអស់រយៈពេលកន្លះឆ្នាំ ដោយគិតចាប់ពី ខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ ដែលមានបេក្ខភាពមកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស ។
ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជនសរុបចំនួន ៤រូប ទី១ លោក នាង ដាវីន ទី២ លោក ថុល សុភិទិ ទី៣ លីម តិចម៉េង ទី៤ លោក ស៉ឹម ច័ន្ទពន្លឺ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជនបានបង្ហាញឲ្យទស្សនិកជនឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព។
ជាទីបញ្ជប់ក្នុងការប្រកួតនេះ បេក្ខជន លីម តិចម៉េង បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១០០លានរៀល។ ចំណែកឯបេក្ខជន ដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល៕