កណ្ដាល៖ ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាលស្រុកលើកដែកនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្រុសស្រីដែលប្រើល្បិចឆបោកបញ្ឆោតនិងលួងលោមកុមារីអាយុ១១ឆ្នាំម្នាក់អស់លុយរាប់លាននៅចំណុចភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។
តាមប្រភពពីលោកវរសេនីយ៍ឯក ឡាក់ ម៉េង អ្នកនាំពាក្យនិងជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានប្រាប់បណ្ដាញសារព័ត៌មានឲ្យ ដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះថា កុមារីរងគ្រោះឈ្មោះ ច រ ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមានចំនួន០២នាក់៖*ទី១-ឈ្មោះ អឿន សុខា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ និង*ទី២-ឈ្មោះ រិទ្ធ ដា ហៅដូច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក ឡាក់ ម៉េង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទីឈ្មោះ ម៉េត ចន្នី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវជាឪពុកបង្កើតជនរងគ្រោះ បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណរ ដាក់ពាក្យបណ្ដឹង ប្តឹងឈ្មោះ អឿន សុខា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ បានឆាតមកកូនស្រីរបស់គាត់ឈ្មោះ ច រ យកលុយឱ្យខ្លួន មួយលើក ២លានដុង ជួនមួយលើក ៣លានដុង សរុបទឹកប្រាក់អស់ ២៧.០០០.០០០ដុង (ម្ភៃប្រាំពីរលានដុង)។
លោកវរសេនីយ៍ឯក ឡាក់ ម៉េង បានបញ្ជាក់ទៀតថា ភ្លាមៗនោះ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចបានហៅឈ្មោះ អឿន សុខា មកប៉ុស្តិ៍រដ្ឋបាលធ្វើការសាកសួរ ហើយឈ្មោះ អឿន សុខា បានឆ្លើយសារភាពថា លុយដែលខ្លួនទទួលបានពីឈ្មោះ ចន្នី រតនា ទាំងប៉ុន្មានគឺយកទៅឲ្យឈ្មោះ រិទ្ធដា ហៅដូច ទាំងអស់ គឺយកទៅឲ្យនៅលើស្ពាន៣៩។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានបញ្ជូនឈ្មោះ អឿន សុខា មកអធិការដ្ឋាន ដើម្បីបន្តនីតិវិធី រកអ្នកពាក់ព័ន្ធទី៣ លុះដល់វេលាម៉ោង ១៥:៣៥នាទី កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្អមសំណរ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ រិទ្ធ ដា ហៅដូច និងបានបញ្ជូនមកកាន់អធិការដ្ឋានសួរនាំ នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរួមគំនិតឆបោក លុយជនរងគ្រោះពិតប្រាកដមែន : បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី ។