(ភ្នំពេញ) ៖ ទីតាំង Internet មួយកន្លែងស្ថិតនៅតាម បណ្ដាយផ្លូវ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកទទួលភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន សង្ស័យ មានភ្លើងខៀវពី អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន។
ប្រភពព័ត៌មានពី ពលរដ្ឋជាច្រើន បានលើកឡើងថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញ មានក្រុមក្មេងស្ទាវ ជាច្រើន កំពុងតែប្រមូលផ្តុំគ្នា ចូលមកលេងល្បែងស៊ីសង នៅទីតាំង Internet ខាងលើនេះ ប៉ុន្តែ គេមិនដែលឃើញមាន អាជ្ញាធរ និង សមត្ថកិច្ច ចុះមកបង្ក្រាបម្តងណាឡើយ។
ប្រភពដដែលបានបន្តថា : រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្ភ ចំពោះ សុវត្ថិភាព នឹង ភូមិឃុំមានសុវត្ថិភាពរបស់ពួកគាត់ ព្រោះថា បើកន្លែងណា មានបើកល្បែងស៊ីសង ទីតាំងនោះនិង អាចកើតមាន អំពើរចោរកម្ម លួច ឆក់ ប្លន់ ជាដើម ។
ប្រជាពលរដ្ឋ សំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច ពិសេស លោក សុខ ពេញវុធ អភិបាលខណ្ឌ ដូនពេញ និង លោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះ ដើម្បីរក្សាការពារសន្តិសុខ និង អនុវត្ត នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ ប្រភេទ ដូចជា ហ្គេម បាញ់ ត្រី ហ្គេម Internet Online និង ល្បែងស៊ីសង ផ្សេងទៀត។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក ល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។
បញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។
សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែងស៊ីសង ប្រភេទ ហ្គេម បាញ់ ត្រី និង អាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។