ភ្នំពេញ : ថ្ងៃទី២០កុម្ភៈនេះ ក្រុមយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា ត្រូវជួបជាមួយក្រុមទីម័រខាងកើតក្នុងព្រឹត្តិការណ៍ AFF U-23 Championship 2022 សម្រាប់ពូល A ដែលនេះជាការប្រកួតចុងក្រោយសម្រាប់ពូលនេះ មិនតែប៉ុណ្ណោះការប្រកួតនេះគឺជាការកាត់សេចក្ដីចុងក្រោយថាតើ កម្ពុជា ឬទីម័រខាងកើត ដែលបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ ?
តាមពិតក្នុងចំណោម៤ ក្រុមក្នុងពូល A កម្ពុជាកំពុងតែឈរនៅកំពូលតារាងដោយលេង២ប្រកួតឈ្នះទាំង២ប្រកួតមាន៦ពិន្ទុក្នុងដៃ។ ចំពោះក្រុមទីម័រខាងកើតឈរនៅលំដាប់ទី២ក្នុងតារាង ដោយលេង២ប្រកួតឈ្នះ១ប្រកួត និងស្មើមួយប្រកួត។ ហ្វីលីពីនឈរនៅលំដាប់ទី៣ ដោយលេង២ប្រកួតស្មើមួយប្រកួត និងចាញ់មួយប្រកួតមាន១ពិន្ទុ រីឯក្រុមប្រ៊ុយណេនៅបាតតារាង ដោយលេង២ប្រកួតចាញ់ទាំង២ប្រកួត។
សម្រាប់ការប្រកួតនេះក្រុមទីម័រ ត្រូវការឈ្នះដាច់ខាត ដើម្បីទទួលបាន៣ពិន្ទបន្ថែមនោះ ក្រុមរបស់គេនឹងបាន៧ពិន្ទុ ក្នុងខណៈដែលកម្ពុជានៅរក្សា៦ពិន្ទុដដែល។ សម្រាប់កម្ពុជាវិញ បើមិនបានឈ្នះគឺសុំត្រឹមតែស្មើរប៉ុណ្ណោះក៏បានឡើងទៅវគ្គ៤ក្រុមចុងក្រោយដែរ។
លោក Ryo Hirose ជាគ្រូបង្វឹករបស់កម្ពុជា បានធ្វើការកែលម្អដល់កូនក្រុមរបស់ខ្លួនរាល់ពេលចប់ការប្រកួត។ ការមិនមើលងាយគូប្រកួតវាជារឿងសំខាន់ ហេតុនេះការប្រកួតត្រូវតែមានស្មារតីក្រុមល្អ លេងដោយមានទំនុកចិត្តលើគ្នាហើយត្រូវស្គាល់ពីអ្វីដែលខ្លាំង និងអ្វីដែលខ្សោយរបស់គូប្រកួត។
ចំពោះលោក Fabio Maciel ដែលជាគ្រូបង្វឹករបស់ទីម័រខាងកើតបាននិយាយថា : ការប្រកួតសូមកុំខ្វល់ពីរឿងអ្នកគាំទ្រ សំខាន់គឺលេងដោយការសាមគ្គីគ្នា។ ត្រូវគិតគូរពីបច្ចេកទេស និងស្មារតីប្រកួតនៅក្នុងទីលាន ព្រោះការងារយើងជាអ្នកប្រកួត រីឯអ្នកគាំទ្រវាជារឿងរបស់គេ។ ការប្រកួតមួយនេះជឿថា ក្រុមកម្ពុជានឹងទទួលបានកៅអីសម្រាប់វគ្គ៤ក្រុមចុងក្រោយ។
ប្រកួតសម្រាប់ពូល A នេះដែរ ក្រុមក្រុមហ្វីលីពីនជួបជាមួយក្រុមប្រ៊ុយណេ ដែលនេះគឺជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះក្រុមទាំង២នេះត្រូវខ្ទាតចេញពីការប្រកួតដូចគ្នា ។