(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាន និងអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមូលវិទ្យុទាក់ទងកាន់ដៃមកភ្ជាប់លេខថ្មី ក្រោមការគ្រប់គ្រងរបស់នគរបាលជាតិផ្ទាល់ ឲ្យបានមុនយុទ្ធនាការបិទស្ថានីយដែលច្បាប់មិនអនុញ្ញាត។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានបញ្ចាក់ ថា «ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មន្ដ្រីនគរបាលរាជធានីភ្នំពេញដែលប្រើប្រាស់វិទ្យុទាក់ទងទាំងអស់ ត្រូវប្រមូលមកភ្ជាប់លេខថ្មី ដែលគ្រប់គ្រងដោយនគរបាលជាតិផ្ទាល់ ឲ្យបានមុនថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ និងមុនពេលយុទ្ធនាការបិទស្ថានីយដែលច្បាប់មិនអនុញ្ញាត»។
ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានអះអាងថែមទៀតថា «សម្រាប់មន្ត្រីនគរបាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាន និងអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានកាតព្វកិច្ចត្រូវប្រើប្រាស់ វិទ្យុទាក់ទងពិតប្រាកដ នៅពេលមកភ្ជាប់លេខថ្មី ដែលគ្រប់គ្រងដោយនគរបាលជាតិ អគ្គស្នងការ មិនតម្រូវឲ្យបង់ប្រាក់មួយសេននោះឡើយ»។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសង្កត់ធ្ងន់បែបនេះថា «មានសំណួរច្រើន។ ខ្ញុំសុំឆ្លើយជាចំហងាយយល់សម្រាប់រាជធានីភ្នំពេញ។ ឲ្យតែជានគរបាលកម្ពុជាពិត និងមានភារកិច្ចចាំបាច់ប្រើវិទ្យុទាក់ទង អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបើកលេខជូនដោយមិនគិត១កាក់១សេន»។
សូមរំលឹកថា អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរស័ព្ទ Hotline 117 ក្រោយមានការកែសម្រួលបញ្ហាបច្ចេកទេសឡើងវិញ ដោយមានកិច្ចសហការជួយពីខាងនិយ័តករកម្ពុជា របស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេសនៅពេលត្រូវជំនួយពីនគរបាលជាតិ នៅទូទាំងប្រទេស ២៤ម៉ោងលើ២៤ម៉ោង ។
លេខទូរស័ព្ទ Hotline 117 នេះគឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម។
ក្រោយប្រកាសឲ្យដំណើរការលេខទូរស័ព្ទ Hotline 117 នេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានរាយការណ៍ពីបញ្ហាជាបន្តបន្ទាប់ ដែលពួកគាត់បានជួបប្រទះ និងទទួលបាន។
នាយកដ្ឋានវិទ្យុទាក់ទង បានចាត់ទុកថា នេះគ្រាន់ជាចំណុចចាប់ផ្តើមនៅឡើយ ពួកនៅមានភារកិច្ចជាច្រើនទៀតត្រូវកែប្រែ និងត្រូវអនុវត្ត ដើម្បីប្រាកដថាលេខ១១៧ គឺជាក្តីសង្ឃឹមរបស់ប្រជាជនទូទៅដែលត្រូវការ ជំនួយជាចាំបាច់បន្ទាន់។
នាយកដ្ឋានសូមឲ្យពលរដ្ឋបន្តផ្តល់ព័ត៌មានពិត និងផ្សព្វផ្សាយលេខ ១១៧ ឱ្យបានទូលំទូលាយថា ពួកយើងខ្ញុំរង់ចាំទទួលព័ត៌មានពិតយកមកដោះស្រាយជូន ២៤/២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ស្មោះត្រង់តាមវិជ្ជាជីវៈ៕