គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ ! ប្រធានតុលាការខេត្តមណ្ឌលគីរី សារភាពថា ខ្លួនពិតជាបានយកឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់ម្ចាស់ដីដែលខ្លួនកាន់សំណុំរឿងពិតមែន ...

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ លោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគីរី បានចេញលិខិតសុំទោសជាសាធារណៈគោរពជូនឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងលិខិតសុំទោសជាសាធារណៈដែលព័ត៌មាន B.M.K.Hotnews ទទួលបានរបស់ ប្រធានតុលាការខេត្តមណ្ឌលគីរី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមអភ័យទោសពីឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលខ្ញុំបាទបានយកឈ្មោះឯកឧត្តមមកប្រើ ដែលខ្ញុំបាទ បានប្រើពាក្យមិនគប្បីថា “ឯកឧត្តម ហូ សិទ្ធី តេទៅអភិបាលខេត្តមណ្ឌលគិរី” តាមពិតឯកឧត្តម ពុំបានតេទូរស័ព្ទទៅអភិបាលខេត្តមណ្ឌលគិរីនោះទេ ដែលជាកំហុសឆ្គង។ ខ្ញុំបាទសូមទទួលស្គាល់កំហុសទាំងនេះ និង សូមឯកឧត្តមមេត្តាអភ័យទោស ដល់រូបខ្ញុំបាទ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសឯកឧត្តម ជានាយកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

ការចេញមុខប្រកាសសូមទោសជាសាធារណៈរបស់លោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគីរី ធ្វើឡើងបន្ទាប់ពីឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានចេញលិខិតបំភ្លឺជាសាធារណៈតបទៅនឹងការចុះផ្សាយនៅលើទំព័រ ហ្វេសប៊ុកលោក ផែង វណ្ណៈ ដែលបានសរសេរអំពីរឿងវិវាទដីធ្លីមួយករណីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយឧត្តម ហូ សិទ្ធី អះអាងថា ឯកឧត្តម មិនមានជាប់ពាក់ព័ន្ធអ្វីបន្តិចទាល់តែសោះនៅក្នុងរឿងនេះ ព្រោះឯកឧត្តម ហូ សិទ្ធី មិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ក៏ដូចជាម្ចាស់ដីដែលត្រូវជាប់ចោទនោះ ឈ្មោះអ្វីផងដែរទេ។បន្ថែមលើនេះ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សកម្មភាពរបស់បុគ្គល ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី គឺទង្វើដែលគួរឱ្យស្អប់ខ្ពើមជាទីបំផុត ព្រោះជាមនុស្សទុច្ចរិត និងស្មោកគ្រោកដែលប្រព្រឹត្តនូវអំពើថោកទាប ដោយបង្ខូចកេរ្តិ៍ឈ្មោះរបស់មនុស្ស ដែលគេមិនទាំងដែលស្គាល់ខ្លួនទៀតផង និង សូមថ្កោលទោស យ៉ាងដាច់អហង្ការចំពោះអ្នកទាំងនេះ។ ហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមច្បាប់ជាធរមានចំពោះ មនុស្សថោកទាបធុននេះឲ្យបានម៉ឺងម៉ាត់់ជាទីបំផុត។

សូមរំលឹកថា ការបំភ្លឺរបស់ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ បានចេញផ្សាយអំពីវិវាទដីធ្លីមួយករណី នៅក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដោយបញ្ជាក់ថា «ឈ្មោះ ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី ដែលជាចៅក្រម កាន់សំណុំរឿង បានយកឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យបក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែងឲ្យមានសេរីភាពវិញ»។

ករណីខាងលើ គេអាចដាក់ជាសំណួរ៖ ប៉ះចំថ្នាក់ដឹកនាំមានតួនាទីខ្ពស់ស្អាតស្អំ ក៏បានខ្ជាក់មកវិញ។ ចុះតើមានប៉ុន្មានករណីផ្សេងទៀត អាចមានស្រដៀងគ្នា ឬលេបទៅបាត់? គេក៏មិនទាន់ដឹងថា ករណីនេះ បញ្ចប់ត្រឹមលិខិតសុំទោស១សន្លឹក ឬក្រសួងយុត្តិធម៌នឹងមានវិធានការរដ្ឋបាលបន្ត? ឬទាមទាមការស៊ើបអង្កេតបន្ថែមដោយអង្គភាពប្រឆាំងអំពើពុករលួយឬក៍យ៉ាងណា ?

Previous Post Next Post