សៀមរាប ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនគ្រួសារកុមារា គង់ សីហា ដល់ផ្ទះស្ថិតនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី។
ថវិការបស់សម្ដេចតេជោ ដែលប្រគល់ជូននៅពេលនោះរួមមាន ថវិកា ២០លានរៀល។ បន្ថែមពីនោះ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានសាងសង់ផ្ទះជូនគ្រួសារកុមារា គង់ សីហា ព្រមទាំងមួយខ្នងទៀត ជូនប្អូនស្រីម្ដាយរបស់កុមារា គង់ សីហា ផងដែរ ដោយសារមានជីវភាពខ្វះខាតខ្លាំង។ ជាមួយគ្នានោះ លោក ទៀ សីហា បាននាំយកអំណោយជាអង្ករ និងគ្រឿងឧបភោគមួយចំនួនទៀត ព្រមទាំងទូរស័ព្ទដៃមួយគ្រឿងផង ជូនដល់ឪពុកម្ដាយកុមារា គង់ សីហា ដែលមានជីវភាពខ្វះខាតខ្លាំង។
អភិបាលខេត្តសៀមរាប បានពាំនាំនូវការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលគិតគូរដល់ប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោក ទៀ សីហា ក៏បានពាំនាំនូវប្រសាសន៍របស់សម្ដេចតេជោ ដែលចង់ឱ្យគ្រួសាររបស់កុមារា គង់ សីហា មានសេដ្ឋកិច្ចល្អប្រសើរ ដោយបង្កើតជារបរនៅជិតផ្ទះ និងធ្វើយ៉ាងណាឱ្យកុមារានេះ រៀនឱ្យបានចប់ចុងចប់ដើម ក្លាយជាធនធានដ៏ល្អមួយរូបនៅក្នុងសង្គមជាតិ។
សូមបញ្ជាក់ថា ក្រៅពីការផ្តល់ជូនអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយនោះ ក៏មានសប្បុរសជនដទៃទៀត បានចូលរួមជាហូរហែផងដែរ។ ក្នុងនោះអាជ្ញាធរ មន្ត្រី ក្រុមប្រឹក្សាខេត្ត ព្រះសង្ឃ ហាក់ សៀងហៃ ព្រមទាំងសប្បុរសជនជាច្រើនទៀត ដែលបានផ្តល់ជាអាហារ សម្ភារៈសិក្សា កង់។ល៕