កណ្តាល៖ បែកធ្លាយទៀតហើយ ថ្មីៗនេះ លោក ម៉ៃ សុគន្ធ ដែលត្រូវបានគេស្គាល់ថាជាតារាចម្រៀងមួយរូប ពេលនេះត្រូវបានមេជាងម៉ៅការសំណង់ដាក់ពាក្យបណ្ដឹងទៅកាន់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសុំប្ដឹងពីបទរំលោភលើទំនុកចិត្ត។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញព័ត៌មាន BMK ទើបតែទទួលបាននៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នៅក្នុងពាក្យបណ្ដឹងដែលដើមបណ្ដឹងឈ្មោះ ខាំ ប៉ុណ្ណារិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅផ្ទះលេខ២០អា ផ្លូវ៣១៦ ភូមិ៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាងសំណង់ បានដាក់ពាក្យបណ្ដឹងគោរពជូនលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សុំប្ដឹងឈ្មោះ ម៉ៃ សុគន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៦ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញពីបទរំលោភលើទំនុកចិត្ត។
ប្រភពព័ត៌មានបានបានបញ្ជាក់ឲ្យ BMK ដឹងថា : កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ម៉ៃ សុគន្ធ បានទំនាក់ទំនងលោក ខាំ ប៉ុណ្ណារិន ដែលជាមេជាងម៉ៅការសំណង់ ឲ្យសាងសង់រីស៊តមួយកន្លែង ស្ថិតនៅចំណុចក្រោយប៉ុស្តិ៍កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការសាងសង់មានដូចជា៖ ធ្វើផ្ទះម៉ូតបារាំងទំហំ ៣.៧ម៉ែត្រ x ៧ម៉ែត្រនិងធ្វើអាងទឹកជុំវិញផ្ទះ ទំហំ ៥០ម៉ែត្រ x ១១ម៉ែត្រ, ចាក់សាបមុខផ្ទះ, បូកសសរមូល, ធ្វើជ្រីក្បាលសសរចំនួន៩ដើម, ចាក់ផ្លូវបេតុង, ដាក់លូ, ធ្វើខឿនផ្លូវ,និងចាក់សាបក្រោយផ្ទះ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទី ឈ្មោះ ម៉ៃ សុគន្ធ បានប្រគល់ប្រាក់ឲ្យមេជាងម៉ៅការសំណង់ឈ្មោះ ខាំ ប៉ុណ្ណារិន បានចំនួន៤០%ស្មើរនឹងទឹកប្រាក់ចំនួន៦,២០០$ និងបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាសាងសង់បញ្ចប់ការងារ ត្រឹមរយៈពេល៤០ថ្ងៃ។
ប្រភពបន្តថា បន្ទាប់ពីព្រមព្រៀងធ្វើកិច្ចសន្យារួច គាត់និងកូនជាងនាំគ្នាខិតខំប្រឹងប្រែងធ្វើដើម្បីបញ្ចប់ការងារនេះ។ ក្រោយមកពួកគេបានបញ្ចប់ការងារមុនកិច្ចសន្យាចំនួន៥ថ្ងៃ ហើយក៏ទៅសុំបើកប្រាក់នៅសល់ចំនួន៦០% ស្មើនឹងទឹកប្រាក់ចំនួន៩,៣២០$ពីឈ្មោះ ម៉ៃ សុគន្ធ ប៉ុន្តែឈ្មោះ ម៉ៃ សុគន្ធ មិនព្រមប្រគល់ឲ្យទេដោយពន្យាពេល និងសន្យាថាថ្ងៃនេះ ថ្ងៃនោះរហូតមកដល់បច្ចុប្បន្ន។
ជុំវិញករណីនេះ អ្វីដែល BMK ទទួលបានគឺលិខិតជូនដំណឹងមួយច្បាប់របស់លោក ម៉ៃ សុគន្ធ ធ្វើខ្លួនឯង ផ្ដិតមេដៃខ្លួនឯង ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារក្នុងកម្មវត្ថុថា ស្ដីពីការរំលាយកិច្ចសន្យាសាងសង់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ប៉ុន្តែទោះបីជាយ៉ាងណាក្ដី BMK មិនទាន់អាចសុំការបំភ្លឺពីលោក ម៉ៃ សុគន្ធ ជុំវិញករណីនេះបាននៅឡើយទេដោយសារពុំមានលេខទូរស័ព្ទដែលអាចទំនាក់ទំនងបាន៕