ភ្នំពេញ ៖ ឧត្តមសេនីយ៍យោធាផ្កាយ៣នាក់ និងកូនប្រសារស្រី ត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យស្លាប់ទាំង២នាក់ ដោយក្នុងនោះម្នាក់ស្លាប់ក្នុងផ្ទះ និងម្នាក់ទៀតស្លាបពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបុរីគឹមសាន្ដ ភូមិតាកេរ្ដិ៍ សង្កាត់កំបូល ខណ្ឌកំបូល។
សេចក្ដីរាយការណ៍បានឲ្យដឹងថា មន្ដ្រីយោធាផ្កាយ៣នោះ ឈ្មោះ ជា សុផល អាយុ៦០ឆ្នាំ មានតួនាទីជានាយករងខុទ្ទកាល័យ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ខណៈកូនប្រសារស្រី មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ ជនរងគ្រោះទាំង២នាក់នេះ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកេីតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះ ដោយលាយលំជាមួយផ្សែងហ៊ុយខ្លាំង និងបានឮសំឡេងម្ចាស់ផ្ទះស្រែកឲ្យគេជួយ។ ភ្លាមៗនោះ ប្រជាពរដ្ឋដែលរស់នៅជិតនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់តែមិនរលត់ ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចេញរថយន្តមកបាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះទាំង២នាក់ យកទៅកាន់មន្ទីរពេទ្យជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់ជាបន្តបន្ទាប់។
ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នេះ មានទំហំ៥ម៉ែត្រ គុណ១៦ម៉ែត្រ ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង, ម៉ូតូចំនួន៣គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។ ចំណែក មូលហេតុនៃការឆាបឆេះខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។
សម្រាប់ប្រតិបត្តិការជួយសង្គ្រោះខាងលេីនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង មានដូចជា រថយន្តពន្លត់អគ្គិភ័យរបស់បុរីសង្ឃឹមថ្មី ចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ៩១១ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌកំបូល ចំនួន១គ្រឿង៕