ម៉ូតូធំចំនួន៥គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ កែច្នៃបំពង់ស៊ឺម៉ាំងបង្កសម្លេងរំខានដល់បងប្អូនប្រជាពលរដ្ធ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ ធ្វើការឃាត់នាំទៅកាន់អធិការដ្ធានខណ្ឌដើម្បីអប់រំណែនាំ កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនសម្តែងការមិនពេញចិត្តចំពោះក្រុមម៉ូតូធំដែលមានតម្លៃថ្លៃៗ កែច្នៃបំពង់ស៊ឺម៉ាំងលឺសំឡេងខ្លាំង បង្កការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋសម្រាកនៅក្នុងផ្ទះនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។កន្លងមក កងកម្លាំងសមត្ថកិច្ចជំនាញបានចេញសេចក្ដីប្រកាសណែនាំជាច្រើនដល់ក្រុមម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងទាំងអស់ អោយដោះដូរដាក់បំពង់ស៊ឺម៉ាំងធម្មតាវិញ ប៉ុន្តែពួកគាត់ហាក់មិនស្តាប់តាមសេចក្តីណែនាំ នៅតែផ្គើនដដែលៗ ។
តាមប្រភពដដែលបានបន្តថា នៅយប់ថ្ងៃកើតហេតុ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកដល់ចំណុចក្នុងតំបន់បឹងកក់ ក៏ប្រទះឃើញក្រុមម៉ូតូធំមួយក្រុម មានចំនួន៥ម៉ូតូ សុទ្ធតែស៊េរីម៉ូតូថ្លៃៗ ហើយកែច្នៃបំពង់ស៊ឺម៉ាំងឮសំឡេងកងរំពងពេញដងផ្លូវ ក៏សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ ធ្វើការឃាត់ នាំទៅកាន់អធិកាដ្ធានខណ្ឌ ដើម្បីដកហូតទុកបណ្តោះអាសន្ន និងអោយម្ចាស់ម៉ូតូទាំងអស់ទៅយកបំពង់ស៊ឺម៉ាំងហ្ស៉ីនមកដាក់វិញ និងភ្ជាប់មកជាមួយឯកសារម៉ូតូ ទើបប្រគល់ម៉ូតូអោយវិញ៕