រសៀលថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត ព្រមទាំងបានត្រួតពិនិត្យមើលវត្ថុតាងនៃការចុះបង្រ្កាបកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ករណីចាប់ឃុំឃាំងជំរិតទារប្រាក់ និងកាន់កាប់ប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំនុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមថ្លែងការកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច ដែលខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ជាពិសេសបានចុះបង្រ្កាបបទល្មើសទាន់ពេលវេលា ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងត្រូវបន្តយកចិត្តទុកដាក់ ខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាដែលនៅសេសសល់បន្ថែមទៀត ដើម្បីឈានបង្រ្កាបដល់ឬសគល់។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជាការលើកទឹកចិត្តដល់កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត ដោយក្នុងមួយស្ថាប័ន ទទួលបានទឹកប្រាក់ចំនួន ១០.០០០.០០០រៀល។
រូបភាព៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ