ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែននៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគូប ស្មើនឹង ០៥បំពង់ ។
លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានតម្រូវការខ្យល់អុកស៊ីសែនក្នុងការជួយ សង្គ្រោះដល់អ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរដោយ សារជំងឺកូវីដ-១៩ ដែលត្រូវការនូវខ្យល់អុកស៊ីសែនជាចាំបាច់ ។
ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែនដែលបានដំឡើងថ្មីនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ វាមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនបានក្នុងមួយម៉ោង ៣៥ម៉ែត្រគូបស្មើនឹង ៥បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្ត ក៏ដូចជាមន្ទីរពេទ្យតាមក្រុង ស្រុកនៃខេត្តព្រះសីហនុផងដែរ ខេត្តព្រះសីហនុមានតម្រូវការចាំបាច់នូវម៉ាស៊ីនផលិតខ្យល់ អុកស៊ីសែន ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ពិសេសប្រជាពលរដ្ឋដែល រងគ្រោះក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ នៅក្នុងខេត្តព្រះសីហនុ ដែលបានឆ្លងជំងឺកូវីដ-១៩ ដែលមានសភាពធ្ងន់ធ្ងរ ត្រូវការខ្យល់អុកស៊ីសែន ។