(កណ្តាល)៖ បែកធ្លាយរឿង អតីតចៅហ្វាយខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានទទួលលុយពីឈ្មួញជាម្ចាស់លុយម្នាក់ចំនួន៤០.០០០ដុល្លារ ជាថ្នូរនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួនបានកាន់កាប់ដី១ផ្នែក នៃ«មេទឹក»ចំនួន៣កន្លែង ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងក្រុងអរិយក្សត្រ និងអាជីវកម្មរណ្ដៅដី កំឡុងពេលលោក គង់ សោភ័ណ្ឌ បានកាន់ការងារជាចៅហ្វាយខេត្តកណ្ដាល។
ព្រោះតែការឈឺចាប់ និងបានក្លាយជាជនរងគ្រោះ បន្ទាប់ពីខ្លួនបានបង់លុយឲ្យអតីតចៅហ្វាយខេត្តរូបនោះហើយ ស្រាប់តែមន្ត្រីជំនាញរដ្ឋបាលខេត្តកណ្ដាលក៏បានចុះចាប់គ្រឿងចក្រ និងរងការផាកពិន័យអស់រាប់លានដុល្លារ ពោលគឺសូម្បីតែដីដែលខ្លួនកំពុងកាន់កាប់ ក៏ក្លាយជាកម្មសិទ្ធរបស់ក្រុមហ៊ុនផ្សេង ជាហេតុធ្វើឱ្យខ្លួនរងការខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ទើបខ្លួនរំលឹកបើកកកាយនូវរឿងអាស្រូវពុករលួយរបស់លោក គង់ សោភ័ណ្ឌ តែម្ដង។
ពាក់ព័ន្ធករណីខាងលើនេះ លោក គង់ សោភ័ណ្ឌ បែរជាឆ្លើយជាមួយអ្នកកាសែតថា កុំយកពាក្យចចាមអារ៉ាម មកសួរនាំផ្ដេសផ្ដាស់នាំឱ្យខូចអារម្មណ៍លោក។
ជុំវិញករណីនេះលោក អ៊ុក រដ្ឋា ម្ចាស់ «ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង» បានអះអាងប្រាប់អ្នកសារព័ត៌មានថា លុយចំនួន៤០.០០០ដុល្លារនោះគឺរូបលោក ពិតជាបានប្រគល់ឱ្យលោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ប្រាកដមែនដោយពេលនោះលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាល។ លោក អ៊ុក រដ្ឋា បន្តថា លុយទាំងនេះ គឺចែកចេញជា៤ផ្នែក៖ ទី១៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងការបើកភ្លើងខៀវឱ្យក្រុមហ៊ុនខ្លួនធ្វើអាជីវកម្ម ជីកស្ដាររណ្ដៅដី ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។ លោកបន្តថា លុយ១០០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផល ដី១ផ្នែកក្នុង «ទឹកប្រមូលខ្លា» ស្ថិតនៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។ ៣៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួនកាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង «មេទឹកផ្លូវទូក» ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។ និងទី៤៖ ប្រាក់១០.០០០ដុល្លារទៀត ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួនកាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង«មេទឹកបឹងរាម» សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ លោក អ៊ុក រដ្ឋា បញ្ជាក់ថា លោក គង់ សោភ័ណ្ឌ កំណត់យកលុយពីក្រុមហ៊ុនខ្លួនហើយ គ្មានការទទួលខុសត្រូវចំពោះការចាត់ចែងដីធ្លីពីម្នាក់ទៅម្នាក់ បណ្ដាលឱ្យ «ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង» ក៏ដូចជាក្រុមហ៊ុនមួយចំនួនទៀត រងការខាតបង់ទន់វិនិយោគយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន ជាពិសេសដី «មេទឹកប្រមូលខ្លា» និង«ដីបឹងរាម»តែម្ដង។
ប្រភពបន្តថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាលបានចុះចាប់គ្រឿងចក្ររបស់លោក អ៊ុក រដ្ឋា ដល់ក្នុងរណ្ដៅដី និងអនុវត្តនីតិវិធីដោយគ្មានការលើកលែង គឺផាកពិន័យជាង៣.០០០.០០០ដុល្លារ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តកណ្តាល ជំនាន់លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តបានធ្វើសំណើជូនថ្នាក់ដឹកនាំ ដោយយក «ដីមេទឹកទំនប់ផ្លូវទូក» និងមេទឹកប្រមូលខ្លា ទៅធ្វើអនុបយោគឱ្យក្លាយជាកម្មសិទ្ធិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់ច្រាំងទន្លេ សួនច្បារក្រុងតាខ្មៅ វិមានឈ្នះ-ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងខេត្តកណ្តាល ដោយពន្ធប្រថាប់ត្រា និងពន្ធលើការសាងសង់ផ្សេងៗជាបន្ទុករបស់រដ្ឋ។ពាក់ព័ន្ធអនុបយោគនេះ ទាំងលោក អ៊ុក រដ្ឋា ក៏ដូចជាអ្នកវិនិយោគផ្សេងទៀត បានលើកឡើងស្រដៀងគ្នាថា មូលហេតុដែលពួកខ្លួនខាតបង់គឺដោយសាររដ្ឋបាលខេត្តកណ្ដាល នៅពេលនោះ ពុំបានធ្វើការដោះស្រាយឱ្យដាច់ស្រេច ឬសិក្សាពីផលប៉ះពាល់ជាមុនសិន ចាំធ្វើរបាយការណ៍ ទៅថ្នាក់ដឹកនាំ ដើម្បីសុំអនុបយោគនោះឡើយ ផ្ទុយទៅវិញស្ងាត់ៗស្រាប់តែធ្លាក់.ស.ជ.ណ.មកគ្របលើដីពួកគាត់តែម្ដង។
ករណីនេះ កាលពីកន្លងទៅថ្មីៗអាជ្ញាធរភូមិ ឃុំ បានអះអាងថា ពួកខ្លួនពុំបានដឹងទេ រឿងធ្វើរបាយការណ៍ស្នើសុំអនុបយោគដីត្រង់ចំណុចខាងលើ។ ខណៈលោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល និងជាអ្នកនាំពាក្យបានឆ្លើយប្រាប់អ្នកកាសែតថា ចាំមើលលោកឆែកមើលសិន។
ទាក់ទិនរឿងនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ខ្ញុំភ្លេចអស់ហើយ។ កុំយកពាក្យចចាមអារ៉ាមខាងលើ មកនិយាយប៉ះពាល់ដល់លោក ដែលជាថ្នាក់ដឹកនាំ។
ជុំវិញរឿងពុករលួយនេះ ជនរងគ្រោះជាម្ចាស់ប្រាក់ខាងលើសុំស្នើយ៉ាងទទូចដល់លោក គួច ចំរើន អភិបាលខេត្តកណ្តាល លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាបើកការស៊ើបអង្កេតដើម្បីចាត់វិធានការផ្លូវច្បាប់លើលោក គង់ សោភ័ណ្ឌ កុំឱ្យមានការលើកលែងឱ្យសោះ និងសុំឱ្យស្រាវជ្រាវដោះស្រាយ ពាក់ព័ន្ធទំនាស់កាន់កាប់ដីធ្លីជាន់គ្នានៅ «ដីបឹងរាម ប្រមូលខ្លា និងដីផ្លូវទូក» ដោយក្ដីអនុគ្រោះ។
ដើម្បីបញ្ជាក់ឲ្យកាន់តែលម្អិត និងច្បាស់លាស់លើករណីខាងលើ អង្គភាព BMK hotnews នឹងរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសខាងលោក អ៊ុក រដ្ឋា និងលោក គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ រៀងរាល់ម៉ោងធ្វើការ ។