(ភ្នំពេញ)៖ នៅទីបំផុត, សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) អនុញ្ញាតឱ្យចូលប្រកួតកក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
ប្រភពបានឲ្យដឹងថា សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃដែលបានដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខធិការ ក្រោមការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខិតខំបំពេញគ្រប់លក្ខខណ្ឌទាំងអស់របស់ CPL រហូតទទួលបានឱកាសចូលរួមប្រកួតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាឡេីងវិញនៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
ប្រភពព័ត៌មានបានបន្តទៀតថា ការខិតខំព្យាយាមយ៉ាងសកម្មប្រកបដោយមនសិកា ឆន្ទះមោះមុត និងការទទួលខុសត្រូវខ្ពស់នេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្រ្តចតុកោណដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺការលេីកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ។
ប្រភពបានសង្កត់ធ្ងន់ថា នេះជាសក្ខីភាព តំណាងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) ដែលបានផ្តល់កិត្តិយសប្រគល់អាជ្ញាបណ្ណក្លិបថ្នាក់ជាតិ និងអបអរសាទរដល់សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ក្នុងការចូលរួមប្រកួតលីគកំពូលកម្ពុជា ២០២៤/២៥ នាពេលខាងមុខនេះ។
គួររំលឹកថា កាលពីចុងឆ្នាំ២០១៩ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលនៅពេលនោះមានឈ្មោះថា «ក្លឹបបាល់ទាត់នគរបាលជាតិ» ត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL ) មិនអនុញ្ញាតឱ្យចូលប្រកួតកក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជានោះទេ ដោយសារសមាគមនាពេលនោះ មិនអាចបំពេញលក្ខខណ្ឌសំខាន់ៗដែលទាមទារដោយ CPL និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន៕