បាត់ដំបង ៖ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងខេត្តព្រៃវែង និងឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលក្រុមយុវជនគណបក្សប្រជាជនកម្ពុជា និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ចំនួន ២ ០៧៧នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥១ ដែលគិតមកដល់បច្ចុប្បន្ននេះមានរយៈពេល ៧១ឆ្នាំហើយ ។ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ឧត្តមគតិស្នេហាជាតិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ។ ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំបង្រួបបង្រួមប្រមូលផ្តុំកម្លាំងរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស ឲ្យមានឯករាជ្យ សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អធ្យាក្រឹត្យ វឌ្ឍនភាពសង្គម និងការអភិវឌ្ឍគ្រប់វិស័យ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល រួមគ្នាត្រៀមសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ ដូចខាងក្រោម ៖
១. សូមចូលរួមថែរក្សា និងការពារសុខសន្តិភាព ទប់ស្កាត់ជាដាច់ខាតនូវរាល់ឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំងជ្រុលនិយម ពិសេសការប៉ុនប៉ងបង្កអសន្តិសុខ ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងមុខមាត់ប្រទេសជាតិ។
២. សូមបន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសលក្ខណៈសម្បត្តិពាក់ព័ន្ធនឹងទប់ស្កាត់អំពើលួចឆក់ប្លន់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងការលើកកម្ពស់នូវការថែរក្សា
អនាម័យនៅតាមផ្ទះ ភូមិឋាន និងតាមទីសាធារណៈ។
៣. សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” តាមអនុសាសន៍សម្ដេចតេជោ សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាគការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ ដែលក្នុងនោះក៏មានភ្ញៀវទេសចរណ៍កីឡាដែលមកមើលកីឡានិងអ្នកដើរទស្សនាកម្ពុជាផងដែរ។
៤. ទន្ទឹមនឹងការរួមចំណែកការពារសុខសន្តិភាព ខ្ញុំក៏សូមអំពាវនាវឱ្យចូលរួមផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបោះឆ្នោត និងគុណតម្លៃ នៃសុខសន្តិភាព ព្រមទាំងការសម្រេចបាននូវស្នាដៃប្រវត្តិសាស្រ្តជាបន្តបន្ទាបរបស់គណបក្ស និងរាជរដ្ឋាភិបាល ទាំងនៅក្នុងសហគមន៍ ក្នុងចំណោមយុវជន ក៏ដូចជានៅលើបណ្ដាញ
សង្គម Facebook, Tiktok ជាដើម។
៥. សូមបន្តចូលរួមគាំទ្រក្រុមការងារគណបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋានស្រុក ឃុំភូមិ ថ្នាក់ដឹកនាំសាលារៀនព្រះសង្ឃ និងថ្នាក់ដឹកនាំសាសនា នៅក្នុងការកិច្ចការមនុស្សធម៌ និងសកម្មភាពសង្គមផ្សេងៗ ដើម្បីសាបព្រោះវប្បធម៌អំពើល្អ វប្បធម៌រួមសុខទុក្ខរួមទុក្ខជាមួយប្រជាជន ធ្វើអោយប្រជាជន មានភាពកក់ក្ដៅ ដើម្បីទទួលបានមកវិញនូវការចូលរួម និងគាំទ្រ។
៦. សូមបន្តចូលរួមចំណែកពង្រឹងគុណភាពនៃការកសាងកម្លាំងបក្ស តាមទិសស្លោក”សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក” និងជំរុញចលនា”សន្លឹកឆ្នោតសន្តិភាព”៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត