(ព្រៃវែង) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ រួមនឹងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង រដូវកាលទី២ ប្រចាំខេត្តព្រៃវែង វគ្គផ្តាច់ព្រ័ត្រ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។
សម្រាប់ជ័យលាភីលេខ១ នៅក្នុងការប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង ប្រចាំខេត្តព្រៃវែង នៅរដូវកាលទី២ នេះ បានទៅលើបេក្ខជន ជា ចំរ៉ុង ដែលទទួលបានពានរង្វាន់ ១ iPad ចំនួន ១គ្រឿង និងថវិកា ចំនួន ៥០០ដុល្លារ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានឧបត្ថម្ភនៅថវិកាផ្ទាល់ខ្លួន ចំពោះបេក្ខជនទាំង ៥រូប ដែលបានខិតខំប្រឡងរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ទាំងបេក្ខជនទទួលជ័យលាភី និងបេក្ខជនដែលមិនបានទទួលជ័យលាភី ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១លានរៀល ។
សូមបញ្ជាក់ថា កម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង រដូវកាលទី២ ប្រចាំខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត