គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បើកវគ្គសិក្សាជូនដល់សិក្ខាកាម ៣៩១នាក់ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន...

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបើកវគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ជូនដល់សមាជិក សមាជិការបស់ខ្លួន និងសិស្ស និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន យុវជន យុវនារី ចំនួន ៣៩១នាក់ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន ប្រធានសម្ព័ន្ធអង្គការអភិវឌ្ឍយុវជនកម្ពុជា និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ជូនដល់សិក្ខាកាម ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន ក្នុងនាមប្រធានគណៈអធិបតី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលអញ្ជើញចូលរួមឲ្យយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់វាគ្មិន ធ្វើបទបង្ហាញចែករំលែកបទពិសោធ និងយកចំណេះដឹងដែលទទួលបានពីវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹងគុណភាពនិងការផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន និងកុំបំពុលសង្គមឲ្យសោះ។

វគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” នេះ មានរយៈពេល ១ថ្ងៃពេញ និងមានការចូលរួមចែករំលែកបទពិសោធពីសំណាក់វាគ្មិន ចំនួន ៤រូប រួមមាន ៖ ទី១. លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អគ្គនាយករងសារព័ត៌មានត្រយង ទី២. លោក ប៊ិន ប៊ុណ្ណា និពន្ធនាយកសារព័ត៌មានត្រយង លោក រ៉េន រតនៈ នាយករងផ្នែកព័ត៌មានសន្តិសុខសង្គមនៃសារព័ត៌មានត្រយង និងលោកសាស្ត្រាចារ្យ ស៊ូ តារា ទីប្រឹក្សាច្បាប់ក្រុមហ៊ុនមេធាវី អឹម អ ធី ។

សូមបញ្ជាក់ថា វគ្គសិក្សានេះរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស សារព័ត៌មានត្រយង និងក្រុមហ៊ុនមេធាវី អឹម អ ធី នៅទីតាំងសាកលវិទ្យាល័យធនធានមនុស្ស ។

បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបញ្ជាក់ថា សមាគមនឹងបន្តបើកវគ្គសិក្សាមួយចំនួនទៀតជូនដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន យុវនារី ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ វគ្គពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់នានា និងជំនាញអភិវឌ្ឍធនធានមនុស្សផ្សេងៗទៀត៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន

Previous Post Next Post