( ព្រះសីហនុ ) : គិតត្រឹមព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រ ១១៥-១១៦ ស្ថិតក្នុងភូមិ ស្ទឹង សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអនុញាតិឱ្យចរាចរណ៍ជាធម្មតាវិញហើយ បន្ទាប់ពីផ្អាកដំណើរការមិនឱ្យចរាចរណ៍រយៈពេលប៉ុន្មានម៉ោង ខណៈទឹកជន់លិច ។
យោងតាមការផ្សាយនៅលើទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ កក្កដា ២០២២ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ បានអនុញ្ញាតឱ្យធ្វេីចរាចរណ៍ ជាធម្មតាលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រ ១១៥-១១៦ ស្ថិតក្នុងភូមិ ស្ទឹង សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បន្ទាប់ពីស្ថានភាពកម្ពស់ទឹកភ្លៀងបានស្រកទៅវិញ លែងហូរកាត់ថ្នល់ ។
សូមបញ្ជាក់ថា : កាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២២ អាជា្ញធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានជូនដំណឹងនៅលើទំព័រហ្វេសប៊ុក ថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានបំណងធ្វើដំណើរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ សូមបង្វែរទិសដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣(វាលរេញ-កំពត-ភ្នំពេញ)។ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ប្រឈមនឹងការបិទផ្លូវ ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ។ ទន្ទឹមនឹងនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ៕