កណ្តាល៖ ជាការពិតណាស់ ខេត្តកណ្តាលមាន១១ ស្រុកនិងក្រុង ហើយក្រុងតាខ្មៅកន្លងមកក៏ធ្លាប់ជាប់បានរំដួល២ទង ដែលឆ្លុះបញ្ចាំងថាជាទីក្រុងស្អាតផងដែរ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ទីក្រុងតាខ្មៅត្រូវបានផ្ទុះការរិះគន់យ៉ាងច្រើនេះពីបណ្ដាញសារព័ត៌មានជុំវិញការខួចខាតផ្លូវ។
ជាក់ស្តែងក្រោយពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋល្អក្នុងមូលដ្ឋានក្នុងតាខ្មៅ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ភ្នាក់ងារព័ត៌មាន BMK hotnews បានចុះទៅពិនិត្យមើលផ្លូវ១១៣ កែងផ្លូវ២១០ និងផ្លូវលេខ២១បេ ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាក់ស្តែងពិតជាបានកំពុងរងការខួចខាតយ៉ាងធ្ងន់ធ្ងរពិតប្រាកដមែន ជាដើមហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករ និងអ្នកធ្វើដំណើរពិបាកក្នុងការធ្វើចរាចរណ៍ ព្រោះតែសម្បុកមាន់ច្រើន គង្ហុកច្រើន ដកទឹកខ្លាំង ភក់ និងរងការខូចខាតយ៉ាងខ្លាំងក្លាបំផុត។
តើនេះជាការ បណ្ដាលមកពីខ្វះខាតការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញសាធារណៈនិងដឹកជញ្ជូនខេត្តកណ្ដាល និងក្រុងតាខ្មៅឬយ៉ាងណា ឬមួយជាចេតនាដឹងហើយ ឃើញហើយ ធ្វើមិនដឹង? ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរបានសំនូមពរដល់លោក ម៉ឹង យូរឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនមេត្តាឧស្សាហ៍ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវឲ្យបានគ្រប់ស្រុក និងក្រុងក្នុងដែនអាណាចក្រនៃខេត្តកណ្ដាលផង កុំសម្ងំស្ងាត់ស្ងៀមតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេក ប្រយ័ត្នឡើងឈាម ឡើងជាតិខ្លាញ់ ជាតិពុល ជាពិសេសប្រយ័ត្នដូចប្រសាសន៍សម្ដេចតេជោធ្លាប់មានប្រសាសន៍កន្លងមកថា មន្ត្រីជើង១០ មន្ត្រីគ្រាប់ល្ពៅស្ងោរ៕