(តាកែវ)៖សត្វជ្រូករស់ជាច្រើនក្បាល ដឹកចេញពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់ បានឆ្លងកាត់ច្រក កំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ ដោយរលូន គ្មានឧបសគ្គ និង គ្មានមន្ត្រីជំនាញណាត្រួតពិនិត្យអំពីបញ្ហាសុខភាពសត្វឡើយ សង្ស័យមានអំពើពុករលួយ នៅច្រក កំណប់កែវ តែម្តង ។
ទោះបីយ៉ាងណា ឡានដឹកសត្វជ្រូករស់គ្មានច្បាប់អនុញ្ញាតទាំងនេះ គេចមិនផុតពីកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឡើយ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៥ ទៀបភ្លឺ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ បានចាត់ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាក Hyundai ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខតាកែវ៣A-៤៣៦០ ដឹកសត្វជ្រូករស់ចំនួន៤៨ក្បាល ដោយដឹកចេញពីប្រទេសវៀតណាមតាម ច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ បម្រុងនឹងយកទៅចែកចាយនៅខេត្តតាកែវផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។
តាមប្រភពព័ត៌មាន បានអោយ ដឹងថា ក្រុមការងារបានឃាត់ឡានមួយគ្រឿងនេះ នៅលើផ្លូវជាតិលេខ១២៨ ភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។
ពេលនេះ ក្រុមការងារបាននាំយកបទល្មើស និង វត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
ដោយឡែក កាលដែលសត្វជ្រូករស់ជាច្រើនក្បាលនេះ អាចឆ្លងកាត់ ច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ បម្រុង សង្ស័យមានការប្រព្រឹត្តអំពើពុករលួយ ពីមន្ត្រីព្រំដែន ច្រក សង្ឃឹមថា នឹងមានការស៊ើបអង្កេត ផង ៕