ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះមួយកន្លែង និងបានបន្តរាលទៅឆេះឃ្លាំងដេរពូកមួយទៀតឆេះអស់ទាំងស្រុង បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានថ្លែងប្រាប់ថា : ឲ្យដឹងថា ក្នុងពេលកើតមានអគ្គិភ័យឆាបឆេះនោះ កម្លាំងសមត្ថកិច្ចជំនាញបានចេញប្រតិបត្តិការអន្តរាគមន៍យ៉ាងមមាញឹក ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់ចំនួន៣៣គ្រឿង ក្នុងនោះការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់៣៨ឡាន រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន រថយន្តពន្លត់អគ្គិភ័យផ្សារទំនើបអូឡាំព្យាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៨ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។
លោកស្នងការរងបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ គឺផ្តើមចេញពីផ្ទះឈ្មោះ ហេង ចាន់ដារ៉ា ដែលស្ថិតនៅចំណុចផ្ទះលេខ១១១B និង ១១១C ដោយសារតែការផ្សារដែកធ្លាក់កម្ទេចធូកផ្សារបង្កជាអគ្គិភ័យ បណ្តាលឲ្យទៅឆេះឃ្លាំងរបស់ឈ្មោះ ប៊ន បូរ៉ា នៅចំណុចផ្ទះលេខ១១១A ក្នុងនោះបានបណ្តាលឲ្យមានមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល។ គ្រោះអគ្គិភ័យខាងលើនេះបានឆេះបំផ្លាញផ្ទះល្វែងទំហំ ៨ម៉ែត្រ x ៣០ម៉ែត្រ និងឃ្លាំងទំហំ ១៣ម៉ែត្រ x ៣០ម៉ែត្រ និងខូចខាតសម្ភារៈឃ្លាំងចំនួន១ រថយន្តម៉ាក Toyota Raize ១គ្រឿង ម៉ូតូចំនួន៤គ្រឿង ម៉ូតូរ៉ឺម៉កចំនួន១គ្រឿង កង់ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។
យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការនេះត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបាននៅវេលាម៉ោង១០៖៣០នាទី ថ្ងៃដដែល។ ចំពោះមូលហេតុការដែលនាំឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ