រាជធានីភ្នំពេញ ៖ ដូចមហាជនជ្រាបហើយ ដីមួយកន្លែងមានទំហំ៨០២ម៉ែត្រការ៉េ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ មុខផ្សារទំនើបសេនជូរីផ្លាហ្សា ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លោកហ៊ាង រតនា បានទិញពីម្ចាស់ដើមស្របច្បាប់ ដោយមានអាជ្ញាធរទទួលដឹងឮត្រឹមត្រូវ បែរជាមន្ត្រីនៅសាលារាជធានីភ្នំពេញ ថាជារបស់រដ្ឋ ហើយចេញសេចក្តីប្រកាសជួលដីនោះឲ្យស្ថានីយប្រេងឥន្ធនៈតូតាល់ នៅឆ្នាំ២០១៨ ទាំងគ្មានឯកពាក់ព័ន្ធសំអាងថាដីនោះជាដីរបស់រដ្ឋផង។
ក្រោយពីរងការរំលោភបំពានទាំងទទឹងទិសបែបនេះ លោកហ៊ាង រតនា បានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាការ និងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ ។ នៅពេលនេះ ករណីនេះ កំពុងស្ថិតនៅក្នុងដៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកហ៊ាង រតនា ជាដើមបណ្តឹង តែដឹងអី ! បែរភាគីម្ចាស់ការ៉ាស់សាំង តូតាល់ (total) ដែលអ្នកជួលដីនោះ បានបំពានយ៉ាងគឃ្លើនធ្វើការសាងសង់ដោះដូរផ្លាកយីហោ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដែលហាក់ដូចជាមើលស្រាលច្បាប់ មិនរក្សាស្ថានភាពដើម នៃដីកំពុងមានវិវាទ។
សូមបញ្ជាក់ថា ដីចំណុចវិវាទខាងលើនេះ លោកហ៊ាង រតនា បានទិញពីម្ចាស់ដើមស្របច្បាប់ ដោយមានអាជ្ញាធរទទួលដឹងទិញ-លក់យ៉ាងត្រឹមត្រូវ តាំងពីឆ្នាំ១៩៩២ បែរជាមន្ត្រីនៅសាលារាជធានីភ្នំពេញ ថាជារបស់រដ្ឋ ហើយចេញសេចក្តីប្រកាសជួលដីនោះឲ្យស្ថានីយប្រេងឥន្ធនៈតូលតាល់ នៅឆ្នាំ២០១៨ ទាំងគ្មានឯកពាក់ព័ន្ធសំអាងថា ដីនោះជាដីរបស់រដ្ឋផង។
ក្រោយពីរងភាពអយុត្តិធម៌នេះ បានធ្វើលោកហ៊ាង រតនា ហួសចិត្តជាខ្លាំង កើតទុក្ខមិនខុសចិត្ត នៅតែក្រាញននៀលទាមទារសិទ្ធិស្របច្បាប់ជាម្ចាស់មកវិញ ដោយបានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាការ និងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ ព្រោះលោកមានលិខិតស្នាមទិញ-លក់ លិខិតប្រើប្រាស់ដី ដែលទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ។
លោកហ៊ាង រតនា បញ្ជាក់ថា បើខាងសាលារាជធានីភ្នំពេញ អះអាងថា ដីរបស់លោកជាដីរដ្ឋនោះ សូមយកឯកសារលិខិតស្នាមពាក់ព័ន្ធមកបញ្ជាក់ លោកនឹងព្រមប្រគល់នេះជូនរដ្ឋភ្លាម ដោយឥតលក្ខខណ្ឌ តែបើខាងសាលារាជធានីភ្នំពេញ គ្មានឯកសារពាក់ព័ន្ធអ្វីទេ គួរតែទទួលស្គាល់ការពិតថា លោកពិតជាម្ចាស់ដីនោះស្របច្បាប់មែនឥតក្លែងបន្លំ ហើយត្រូវប្រគល់ដីនោះមកឲ្យលោកវិញ ដែលជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ ដែលបានចូលខ្លួនបម្រើជាតិមាតុភូមិ អស់រយៈពេល២៥ឆ្នាំមកហើយ ។
លោកហ៊ាង រតនា សង្ឃឹមថា ការទាមទាររបស់លោកនៅពេលនេះនឹងបានដឹងដល់ថ្នាក់ដឹកនាំកំពូល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រសួង ក៏ដូចក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត មេត្តាអន្តរាគមន៍ជួយពន្លឿនក្នុងការដោះស្រាយដីរបស់លោកផង។
ជុំវិញវិវាទដីដ៏ចម្រូងចម្រាសនេះ អង្គភាពយេីងខ្ញុំ មិនទាន់សុំការបំភ្លឺពីមន្រ្តីនៅសាលារាជធានីភ្នំពេញ បាននៅឡើយទេ។ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕