ប្រជាពលរដ្ឋចំនួន 131 គ្រួសាររស់នៅភូមិក្តាក់ ស្ថិតនៅឃុំត្បែង២ ភូមិម្រេច និងភូមិត្រយ៉ង់ត្បូងស្ថិ តនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កើតទុក្ខមិនសុខចិត្តបានធ្វើការតវ៉ាចំពោះអាជ្ញាធរខេត្តព្រះវិហារ ចុះអនុវត្តផ្ទុយនឹងផ្លូវច្បាប់ និងបានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីរសម្ដេចពញ្ញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា និងសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យោងតាម ពាក្យស្នើសុំកិច្ចអន្តរាគមន៍ ដែលអង្គភាពព័ត៏មានយើងទទួលបានមានខ្លឹមសារដូចតទៅ÷ តបតាមកម្មវត្ថុខាងលើខ្ញុំបាទ នាងខ្ញុំ សូមគោរពជូននឹងជម្រាបជូនសម្ដេចមេត្តាជ្រាបថា÷ ប្រជាពលរដ្ឋចំនួន 131 គ្រួសារ យើងខ្ញុំបានកាន់កាប់ និងបានតាំងទីលំនៅនៅលើដីមានទំនាស់នេះនៅក្នុងឆ្នាំ 2013 ដោយមានលំនៅដ្ឋានអចិន្រ្តៃយ៍រស់នៅរហូតមក ដោយមានដំណាំដូង ស្វាយ ចេក និងដំណាំរួមផ្សំផ្សេងៗទៀតជាច្រើនតាមគ្រួសារនិមួយៗ ដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ និងដឹងឮត្រឹមត្រូវតាមច្បាប់។
ស្រាប់តែនៅថ្ងៃទី 1 ខែមិនា ឆ្នាំ 2022 មានមន្ត្រីជំនាញចម្រុះដឹកនាំដោយលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ នឹងមានខាងលោកព្រះរាជ្ញាអមសាលាដំបូងខេត្ត បានមកបញ្ជាឲ្យកម្លាំង និងគ្រឿងចក្រឈូសបំផ្លាញផ្ទះសម្បែង និងដំណាំអស់គ្មានសល់ ហើយបណ្ដេញប្រជាពលរដ្ឋយើងខ្ញុំឲ្យចាកចេញពីដី និងគំរាមបើមានការតវ៉ាឬហ៊ានមកទីតាំងដីទំនាស់នោះប្រជាពលរដ្ឋយើងខ្ញុំនឹងត្រូវគេចាប់ដាក់គុកតែម្ដង។ ចំពោះការរស់នៅ និងអាស្រ័យផលតាំងពីឆ្នាំ 2013 បើគិតមកទល់ពេលនេះមានរយៈពេលជិត 10 ឆ្នាំមកហើយមិនដែលមានខាងអាជ្ញាធរ ឬក្រុមហ៊ុនណាមកអះអាងថាជាដីរបស់រដ្ឋ ឬជាដីរបស់ខ្លួននោះទេ ប្រជាពលរដ្ឋចំនួន 131 គ្រួសារ ជាពលរដ្ឋក្រីក្រ និងខ្វះជំរករស់នៅពិតប្រាកដ និងរស់នៅជាក់ស្ដែងនៅលើដីដែលរងការបណ្ដេញចេញដោយក្រុមអាជ្ញាធរខេត្តព្រះវិហារ គឺមិនដូចការអះអាងរបស់អាជ្ញាធរខេត្តចោទប្រកានមកលើប្រជាពលរដ្ឋថាជាក្រុមអនាធិបតេយ្យនោះឡើយ។
សូមបញ្ជាក់ជូនសម្ដេចមេត្តាជ្រាបផងដែរថា រីឯក្រុមអាណាធិបតេយ្យ ដែលអាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាចោទប្រកាន់ថាជាក្រុមអ្នកលាងលុយនោះ គឺមិនមែនជាប្រជាពលរដ្ឋចំនួន 131 គ្រួសារយើងខ្ញុំនោះទេ។
សម្ដេចជាទីគោរពដ៏ខ្ពង់ខ្ពស់! ចំពោះទង្វើ និងសកម្មភាព របស់ក្រុមការងារចម្រុះខេត្ត ដែលដឹកនាំដោយលោកអភិបាលរង និងលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ គឺអនុវត្តតួនាទី និងភារកិច្ចផ្លូវរដ្ឋរបស់ខ្លួន ផ្ទុយពីក្រមសីលធម៌រាជកាស៊ីវិល នឹងមិនបានប្រើប្រាស់គោលការណ៍សង្គមក្នុងដំណោះស្រាយ ដើម្បីឲ្យប្រជាពលរដ្ឋយើងខ្ញុំអាចទទួលបាន។ ព្រោះថាការដើមឡើយដីឋិតនៅស្មុគស្មាញមានគល់ឈើ ដំបូក និងព្រៃ ហេតុអី្វក្រុមការងារទាំងនោះមិនមកហាមឃាត់ពលរដ្ឋយើងមិនឲ្យតាំងទីលំនៅទៅ ទើបតែដីប្រជាពលរដ្ឋធ្វើបានស្អាតដី មានតំលៃ បែកជាមកចោទប្រកាន់ និងមកបណ្ដេញពលរដ្ឋឲ្យចេញពីដីទៅវិញ។
ទង្វើ និងសកម្មភាពទាំងនេះ អយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រយើងខ្ញុំ សូម្បីតែដីការដកហូត ឬការជូនដំណឹងស្ដីពីការអនុវត្តក៏ប្រជាពលរដ្ឋយើងខ្ញុំមិនបានដឹង នឹងមិនបានទទួលផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ នោះសូម សម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យនិងសម្រេចតាមការស្នើសុំដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។
សូមសម្ដេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ នាងខ្ញុំ ..