គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ...

នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញអមដំណើរឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបសំណេះសំណាល និងពិភាក្សាការងារនេះ បានប្រព្រឹត្តទៅនៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

នាកាសនៃជំនួបនោះ ភាគីពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដែលបើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមបានសហការយ៉ាងជិតស្និតលើវិស័យអភិវឌ្ឍធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាល និងការងារប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្ស។ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនេះឲ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជាដែលនឹងធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ និងបានជម្រាបសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីថាឯកឧត្តមផ្ទាល់ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជារៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឲ្យទទួលបានជោគជ័យ ដោយផ្អែកលើបទពិសោធន៍កន្លងមកដែលប្រទេសវៀតណាមក៏ធ្លាប់បានទទួលធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២០។

ទន្ទឹមនេះដែរ ដើម្បីចូលរួមអបអរសាទរនូវព្រឹត្តិការណ៍គម្រប់ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម តូ ឡឹម ក៏បានពិភាក្សាអំពីការរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗដើម្បីអបអរសាទរនូវទិវាដ៏មានសារៈសំខាន់នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក និងការអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង នោះដែរ ឯកឧត្តម ឧត្តមសេនូយ៍ឯក តូ ឡឹម ក៏បាននាំមកជាមួយនូវជំនួយរបស់ក្រសួងនគរបាលវៀតណាមជូនក្រសួងមហាផ្ទៃកម្ពុជាដែរដែលរួមមានរថយន្តចំនួន៥គ្រឿង ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារបម្រើឲ្យការងារថែរក្សាសន្តិសុខ សុវត្ថិភាព មួយចំនួនទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានអញ្ជើញសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ២០២២ខាងមុខ តាមពេលវេលាសមស្របផងដែរ៕

Previous Post Next Post