បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រូវជួយជ្រំជ្រែងរកទីផ្សារជូនប្រជាពលរដ្ឋ ក្នុងការជំរុញចរាចរណ៍ផ្លាស់ប្ដូរទំនិញ ទៅវិញ ទៅមក រវាងកម្ពុជា-ថៃ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ន ព្រំដែនកម្ពុជាបានបិទចរាចរណ៍ចំពោះភ្ញៀវទេសចរណ៍ ក៏ប៉ុន្ដែសម្រាប់ការដឹកជញ្ជូនទំនិញវិញ គឺនៅដំណើរការធម្មតា។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា «អាជ្ញារធរត្រូវបង្កលក្ខណៈសម្បត្តិ និងជួយជ្រោមជ្រែងដើម្បីរកទីផ្សារជូនប្រជាពលរដ្ឋ ដោយការដឹកជញ្ជូនផលិតផលនានាទៅលក់នៅថៃ ឬថា ទំនិញនានាពីថៃ មកកម្ពុជាវិញ។ ប៉ុន្ដែទេសចរណ៍ យើងបិទមិនឱ្យចេញ-ចូល ក៏ប៉ុន្ដែសម្រាប់ទំនិញ យើងអត់បានបិទឡើយបើកធម្មតា»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាប់ព្រំដែន ត្រូវខិតខំធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្ដូរទំនិញរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែនឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាពិសេស ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំង បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់ ជាដើម។
ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំខេត្តដែលជាប់ព្រំដែនទាំងអស់ ត្រូវបន្តភារកិច្ចការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាតជាមួយនឹងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនានាជាមួយខេត្តជាប់ព្រំដែន ដើម្បីធានាព្រំដែនឲ្យមានសន្តិភាព និងអភិវឌ្ឍន៍៕