ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី ២០តុលា ឆ្នាំ២០២១នេះ បានចាប់បញ្ជូនស្ត្រីក្លាហានម្នាក់ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនិងបទល្មើស « ក្លែងលិខិតសាធារណៈ និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »។
ជនជាប់ចោទដែលត្រូវចាប់ខ្លួនឈ្មោះ សុង លីហ៊ួ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅប្រីវ័នផាត ផ្ទះលេខ D16 ផ្លូវ៦១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការចាប់ខ្លួនលោកស្រី សុង លីហ៊ួ គឺអនុវត្តតាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក ធាម ច័ន្ធពិសិដ្ឋ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៣តុលា ឆ្នាំ២០២១។
យោងតាមដីកាសន្និដ្ឋានឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូង ៣០៤៥ អ យឈ ចុះថ្ងៃទី ២៣កញ្ញា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ជាផ្លូវការលើឈ្មោះ បណ្ឌិត ធានម៉ឺន ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ សុង លីហ៊ួ ភេទស្រី អាយុ៤២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបទ ក្លែងបន្លំឯកសារសាធារណៈ តាមមាត្រា ២៣១ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២១។
ហេតុដូច្នេះហើយ ទើបតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ សុង លីហ៊ួ មកនៅចំពោះមុខចៅក្រមស៊ើបសួរដើម្បីអនុវត្តតាមនីតិវិធី ៕