គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងដោយផ្ទាល់ដែលជាជំនួយរបស់ជប៉ុននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនារាត្រីថ្ងៃសុក្រ .!

នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។

ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថាការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។ ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយជាវ៉ាក់សាំង១លានដូសនាពេលនេះសម្រាប់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថ្មីៗនេះ, រាជដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ
ដែលក្នុងនោះរួមមាន៖
១)បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី
២)កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប
៣)បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់
៤)រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
៥)ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ និង
៦)ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ។

នៅរាត្រីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ​ ទៅទទួលវ៉ាក់សាំង។ សម្តេចតេជោបានប្រកាសថាទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្តទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់សង្គមកម្ពុជាឡើងវិញនាពេលខាងមុខ៕

Previous Post Next Post