ថ្ងៃទី ០១ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឫក្ស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធ « ទិវាមច្ឆជាតិ» ជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ វារិជាតិ និងអភិវឌ្ឍន៍ធនធានជលផលឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។
សូមរំឮកជូនថា ចាប់តាំងពីឆ្នាំ២០០៣ « ទិវាមច្ឆជាតិ» ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វ ពូជក្នុងស្រុកប្រមាណ៥លានកូនក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិ ឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីជំងឺឆ្លងកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតជាសកល និងក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំ « ទិវាមច្ឆជាតិ» នេះចាប់ពីឆ្នាំ២០២០មកទល់ពេលនេះ ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសកលនេះនៅក្នុងសហគមន៍។ ទោះជាមានបញ្ហាដូចនេះក្តី ការលែងកូនត្រីទៅក្នុងដែនសហគមន៍ មានលក្ខណៈទ្រង់ទ្រាយតូចអាចប្រព្រឹត្តទៅបាន ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្លួន។ ជាមួយនឹងការអបអរសាទរ « ទិវាមច្ឆជាតិ ០១ កក្កដា » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ និងប្រជានេសាទទាំងអស់ ត្រូវចងចាំ និងបន្តអនុវត្តនូវអនុសាសន៍ដ៏ត្រចះត្រចង់ទាំង៧ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្លួន៖
១. សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ ដូចជា ថ្មស្អុយ ឧបករណ៍ឆកត្រី ស្បៃមុង គ្រឿងផ្ទុះ
អ្វីក៏ដោយដែលឧបករណ៍នេសាទហាមឃាត់។
២. សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែតុលា)សូមមេត្តារួមគ្នា
ដើម្បីទុកត្រី ទុកឱ្យវាធំ ឱ្យវាពង ឱ្យវាញាស់ឡើងកុំចាប់វា កុំបំផ្លាញវា។
៣. សូមមេត្តាកុំកាប់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ជម្រកត្រី និងជាកន្លែងស្វែងរកចំណី ហើយក៏សុំជួយដាំ
ព្រៃលិចទឹកឡើងវិញផងដែរ។
៤. ត្រូវជួយការពារតំបន់អភិរក្ស រាប់ទាំងការជួយផ្តល់ព័ត៌មានអំពីជនខិលខូច ឬមន្ត្រីខិលខូចចូលទៅបំផ្លាញក្នុង
តំបន់អភិរក្ស។
៥. កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទគ្រួសារ ដូចជាការដាំឈូក ឬចាក់ដីចូលលុបដើម្បីកសាង
សំណង់ផ្សេងៗ។
៦. សូមកុំឱ្យមានទំនាស់រវាងប្រជាជន និងប្រជាជនលើបញ្ហាអ្នកនេសាទជាមួយអ្នកធ្វើស្រែប្រាំង និងទំនាស់ដែន
ទឹករវាងឃុំនិងឃុំ ស្រុកនិងស្រុក ខេត្តនិងខេត្ត។
៧. ស្នើចូលរួម « ទិវាមច្ឆជាតិ ០១ កក្កដា » ជំរុញការចិញ្ចឹមត្រី ការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗ ឬជិតផុតពូជ។
ជាមួយនឹងការអបអរសាទរ « ទិវាមច្ឆជាតិ ០១ កក្កដា » ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូម
« អរគុណសន្តិភាព » និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មតាមអភិក្រម « រដ្ឋ ឯកជន ដៃគូ
អភិវឌ្ឍ និងសហគមន៍ » ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យទទួលបានជោគជ័យ៕